កាលបរិច្ឆេទ: ១០ កញ្ញា ២០២៥ / កសិកម្ម / Author : ATH Sokren
កាលពីថ្ងៃទី៨ កញ្ញា ២០២៥កន្លងទៅនេះ ក្រុមហ៊ុនខនហ្វីរេលបានបង្ហាញទីតាំងផលិតម្សៅប្រហុកម៉ាកគីរម្យលើកដំបូង ដែលជាផ្លែផ្កានៃការផ្សារភ្ជាប់កេរមរតពីបរមបុរាណទៅនឹងបច្ចេកវិទ្យាទំនើប។ ទីតាំងផលិតនេះបានផ្តល់ទីផ្សារថ្មីសម្រាប់ការនេសាទក្នុងស្រុក និងអាចឱ្យផលិតផលប្រហុកដែលជាគ្រឿងផ្សំមិនអាចខ្វះបានសម្រាប់ម្ហូបខ្មែរ ហក់ចូលទីផ្សារអន្តរជាតិ ដោយសារការកែច្នៃសមស្របតាមចំណង់ចំណូលចិត្តអន្តរជាតិ តាមរយៈរសជាតិប្រាំមុខរបស់ម្សៅប្រហុក និងដោយសាររូបមន្តផលិតថ្មីដែលគិតគូរដល់ការកាត់បន្ថយក្លិន។
លាតសន្ធឹងលើផ្ទៃដី២៤០០ម៉ែត្រការ៉េ និងមានសមត្ថភាពកែច្នៃប្រហុកស្រស់មួយតោនក្នុងមួយថ្ងៃ (ស្មើនឹង៥០០០ក្រឡ) ទីតាំងផលិតថ្មីនេះពិតជាបានឆ្លុះបញ្ចាំងពីបេសកកម្មរបស់ក្រុមហ៊ុនខនហ្វីរេលដែលតាំងពី២៥ឆ្នាំមកហើយបានធ្វើការលើកតម្លៃ និងធ្វើទំនើបកម្មចំពោះផលិតផលកសិកម្មខ្មែរ ដោយផ្សារភ្ជាប់ចំណេះធ្វើបែបជនបទទៅនឹងតម្រូវការទីផ្សារសាកល។
គំរូនៃការអភិវឌ្ឍជនបទ និងការច្នៃប្រឌិត
ក្រោមវត្តមានអ្នកសារព័ត៌មានជាច្រើន ពិធីបើកសម្ពោធទីតាំងផលិតប្រហុកថ្មីនេះត្រូវបានដឹកនាំដោយលោកឧកញ៉ាឧសថបណ្ឌិតហៃ លីអ៊ាង ប្រធាននិងនាយកប្រតិបត្តិក្រុមហ៊ុនខនហ្វរេល អមដោយតំណាងរាជរដ្ឋាភិបាល តំណាងសហគមន៍អឺរ៉ុប និងអង្គការ ONUDI ដែលជាដៃគូសហការរបស់ក្រុមហ៊ុនខនហ្វីរេលក្នុងក្របខណ្ឌគម្រោង CAPFISH-Capture។ ជំនួយបច្ចេកទេស និងគ្រឿងបរិក្ខារដែលផ្តល់ដោយគម្រោងនេះអាចជួយបង្កើនដល់ការផលិតម្សៅប្រហុក និងធានាឱ្យមានគុណភាពខ្ពស់ ហើយចាប់ពីពេលនេះតទៅ ម្សៅប្រហុកមានវិញ្ញាបនបត្រ HACCP និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ទីផ្សារអន្តរជាតិ។
គម្រោងនេះក៏ជាគំរូអភិវឌ្ឍន៍មួយដែលផ្តល់ប្រយោជន៍ដល់អ្នកជាប់ពាក់ព័ន្ធទាំងអស់មិនថាប្រជាជនក្រីក្រនោះទេ ព្រោះបានផ្តល់ឱកាសការងារថ្មីចំនួន៣៧កន្លែង ជាពិសេសដល់ស្រ្តី និងបានបង្កើតភាពជាដៃគូជាមួយតួអង្គផ្នែកជលផលផ្សេងៗទៀត ដើម្បីឈានទៅពង្រឹងវិស័យនេះ។
បេតិកភណ្ឌកែច្នៃសម្រាប់ការនាំចេញ
ការកែច្នៃត្រីប្រហុកតាំងពីបរមបុរាណឱ្យក្លាយទៅជាផលិតផលទំនើបត្រូវបានចារក្នុងយុទ្ធសាស្រ្តដ៏យូអង្វែង នោះគឺរក្សារសជាតិដើមផង និងជួយបង្កភាពងាយស្រួលក្នុងការប្រើប្រាស់ ធានាឱ្យមានអនាម័យខ្ពស់ និងកាត់បន្ថយសារជាតិ histamine (ដែលបង្កឱ្យមានអាលែកហ្សី) និងអំបិលផង។ ចុះបញ្ជីតាំងពីឆ្នាំ២០២៣សម្រាប់កម្មសិទ្ធិបញ្ញានៅប្រទេសបារាំង ម្សៅប្រហុករបស់ក្រុមហ៊ុនខនហ្វីរេលបានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពរបស់ខ្មែរក្នុងការផ្សារភ្ជាប់អត្តសញ្ញាណជាតិទៅនឹងការច្នៃប្រឌិត តាមរយៈការបញ្ចូលគ្រឿងផ្សំក្នុងស្រុកមួយនេះទៅក្នុងមុខម្ហូបបរទេសដូចជា pizza ឬក៏ទឹកជ្រលក់ spaghetti ជាដើម។
ចាប់ពីពេលនេះតទៅ ក្រុមហ៊ុនខនហ្វីរេលមានបំណងបំពេញតាមតម្រូវការរបស់ DG SANTE ដែលជាអាជ្ញាធរអឺរ៉ុបទទួលបន្ទុកផ្នែកសុវត្ថិភាពចំណីអាហារ ដើម្បីបើកផ្លូវទៅកាន់ការនាំចេញម្សៅប្រហុកទៅអឺរ៉ុប និងទៅបណ្តាប្រទេសផ្សេងៗទៀត។
តាមរយៈការបើកសម្ពោធទីតាំងផលិតនេះ ក្រុមហ៊ុនខនហ្វីរេលបញ្ជាក់ជាថ្មីពីការបេ្តជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់កេរមរតកសម័យអង្គរ ក្នុងស្មារតីអភិវឌ្ឍជនបទប្រកបដោយនិរន្តរភាព និងបង្កើតតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចជាតិ។ ដូចលោកឧកញ៉ាឱសថបណ្ឌិតបានរម្លឹកនៅក្នុងសន្ទរកថារបស់លោក «ការច្នៃប្រឌិតគឺជាមូលដ្ឋានគ្រឹះរបស់ក្រុមហ៊ុនយើង» ហើយការរីកចម្រើននៃទីផ្សារផលិតផលម្សៅប្រហុកអាចជួយជំរុញឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសឈានមុខគេផ្នែកកសិឧស្សាហកម្មនៅអាស៊ី ដោយកែប្រែផលិតផលម្សៅប្រហុកដែលជានិមិត្តរូបនៃអត្តសញ្ញាណជាតិឱ្យទៅជាវ៉ិចទ័រនៃកំណើនសេដ្ឋកិច្ច និងការទទួលស្គាល់ជាសាកល។
ទាក់ទិននឹងគម្រោង CAPFISH-Capture
គម្រោង CAPFISH-Capture គឺជាគំនិតផ្តួចផ្តើមដ៏លេចធ្លោមួយ ដែលឧបត្ថម្ភដោយសហគមន៍អឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា និងត្រូវបានដាក់ឱ្យអនុវត្តក្រោមការដឹកនាំរបស់រដ្ឋបាលជលផល និងអង្គការ ONUDI ។
កម្មវិធីនេះមានបំណងធ្វើទំនើបកម្មលើវិស័យនេសាទក្រោយការប្រមូលផលនៅកម្ពុជា ដើម្បីឱ្យកាន់តែមានលទ្ធភាពប្រកួតប្រជែង និងអាចនាំចេញបាន ដោយធានាទាំងសុវត្ថិភាពចំណីអាហារ ទាំងការអភិវឌ្ឍន៍ជនបទប្រកបដោយនិរន្តរភាព។ កម្មវិធីនេះបានជួយដល់ក្រុមហ៊ុនសហគ្រាសក្នុងស្រុកជាង១០០ (រួមបញ្ចូលទាំងក្រុមហ៊ុនសហគ្រាសជាច្រើនដែលគ្រប់គ្រងដោយស្រ្តី) តាមរយៈថវិកា ជំនួយបច្ចេកទេស និងការផ្គត់ផ្គង់គ្រឿងបរិក្ខារទំនើបៗ ដើម្បីកែលម្អផលិតភាព គុណភាព និងការបញ្ជាក់ពីប្រភពច្បាស់លាស់របស់ផលិតផល។
CAPFISH-Capture ដាក់ពង្រាយយន្តការធំៗពីរៈ
ទីមួយ គំាំទ្រការវិនិយោគនៅក្នុងខ្សែសង្វាក់តម្លៃ (VCIS) សម្រាប់ការទទួលបានឧបករណ៍ និងការពង្រឹងសមត្ថភាពបច្ចេកទេស។
ទីពីរ សម្រួលដល់ការគាំទ្រការវិនិយោគ (ISF) តាមរយៈការផ្តល់កម្ចី និងជំនួយជាមួយនឹងលក្ខខណ្ឌអំណោយផល គាំទ្រដោយសារជីវកម្មធានាឥណទានកម្ពុជា ដើម្បីជំរុញការវិនិយោគក្នុងខ្សែសង្វាក់តម្លៃជលផលកម្ពុជា។
គម្រោងផ្តោតសំខាន់ទៅលើជំនួយផ្នែកអនុលោមតាមស្តង់ដារអឺរ៉ុប និងអន្តរជាតិ ជាពិសេសទាក់ទិននឹងសុវត្ថិភាពចំណីអាហារ ក្នុងបំណងបើកទីផ្សារនាំចេញ ដូចជាសហគមន៍អឺរ៉ុបជាដើម។ គម្រោងក៏បានជួយបង្កើតប្រព័ន្ធតាមដានឌីជីថលសម្រាប់តាមដានប្រភពទំនិញ ដែលធានាឱ្យបានផលិតផលសុទ្ធ និងមានគុណភាពសម្រាប់ផលិតផលខ្មែរ ដើម្បីងាយស្រួលនាំចេញ។
គម្រោង CAPFISH-Capture លើកទឹកចិត្តដល់ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការអភិរក្សសត្វត្រី ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងការសម្របតាមបម្រែបម្រួលអាកាសធាតុ ដោយផ្សារភ្ជាប់ទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាល និងស្តង់ដាររបស់អង្គការ FAO ។ បេសកកម្មមួយទៀតរបស់គម្រោងគឺលើកកម្ពស់ដល់ការលើកតម្លៃ និងលទ្ធភាពប្រកួតប្រជែងនៃផលិតផលនេសាទ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ៕